ស្វែងរក
| សារស្វាគមន៍ |
សារស្វាគមន៍របស់លោកជំទាវ អគ្គសវនករ
ដំណើរការរស់រានមានជីវិតទ្បើងវិញនេះ បានឆ្លងកាត់ការលំបាកនានាជាច្រើន ឥតគណនា ទើបស្វែងរកឃើញនូវការបង្រួបបង្រួមជាតិ។ តាមរយៈនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ឯកភាពទឹកដី សន្តិសុខ សុវត្តិភាពជូនជាតិមាតុភូមិកម្ពុជាជាទីស្រទ្បាញ់។ ជាងបីទស្សវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យប្រជាជនកម្ពុជារួចផុតពីគ្រោះអត់ឃ្លាន រាំងស្កាត់ការវិលត្រទ្បប់មកវិញនូវរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ គុណបំណាច់ដ៏ធំធេងឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជាទូទៅថ្លែងអំណរ និងអរគុណជាអនេកកប្បការ។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍លោក លោកស្រីទាំងអស់ដែលបានស្វែងរក ឯកសារ ចង់ដឹងព័ត៌មាន និងសកម្មភាពផ្សេងៗ តាមរយៈគេហទំព័រផ្លូវការរបស់អាជ្ញាធរសវនកម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមកោតសរសើរនូវចំណាប់អារម្មណ៍ដ៏ពិសេសនេះ ដោយសារអាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នសវនកម្មកំពូលឯករាជ្យ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០០០ ដោយឆន្ទៈ និងការប្តេជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា។ អាជ្ញាធរសវនកម្មជាតិ មានភារកិច្ចអនុវត្តមុខងារសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវបានប្រគល់អំណាចជូន ក្នុងការបំពេញសវនកម្មលើកិច្ចបញ្ជីកាគណនេយ្យ គណនី ប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់បណ្តាស្ថាប័នគ្រប់គ្រង។ អាជ្ញាធរសវនកម្មជាតិ ដើរតួយ៉ាងសំខាន់ក្នុងការធានានូវការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយស្ថិរភាព ព្រមទាំងការប្រើប្រាស់ថវិកាសាធារណៈប្រកបដោយប្រសិទ្ធភាព ភាពស័ក្តសិទ្ធ និងភាពសន្សំសំចៃ តាមរយៈការធ្វើសវនកម្មប្រកបដោយស្តង់ដារដែលមានគុណភាព មិនលំអៀង និងសង្គតិភាព។ ជាងមួយទស្សវត្សរ៍កន្លងមកនេះ អាជ្ញាធរសវនកម្មជាតិ បានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ពុះពារឧបសគ្គនានា អត់ធ្មត់ព្យាយាមតាំងពីចាប់ផ្តើម ប្រតិបត្តិការដំបូងនាឆ្នាំ២០០១ រហូតដល់សព្វថ្ងៃនេះ បានធ្វើឲ្យអាជ្ញាធរសវនកម្មជាតិ បានរីកចំរើនទាំងបរិមាណ និងគុណភាព។ សមិទ្ធផលសំខាន់ៗគួរឲ្យកត់សម្គាល់រួមមាន ការអភិវឌ្ឍន៍ស្ថាប័ន និងការកសាងសមត្ថភាព កសាងក្របខ័ណ្ឌគតិយុត្ត ធ្វើសវនកម្ម នៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ រាជធានី ខេត្ត ឃុំ សង្កាត់ គម្រោងនានា ។ល។ សកម្មភាពទាំងនេះបានចូលរួមចំណែកធ្វើឲ្យមាន អភិបាលកិច្ចល្អ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាមួយនឹងសមិទ្ធផលគួរឲ្យកត់សម្គាល់នេះ ពិតជាបានមកដោយការដឹកនាំប្រកប ដោយគតិបណ្ឌិត និងមានការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ព្រមជាមួយនេះក៏មានការគាំទ្រពីស្ថាប័ននីតិបញ្ញត្តិ ដៃគូអភិវឌ្ឍន៍ ការចូលរួមសហការយ៉ាងជិតស្និទ្ធពីអង្គភាពរងសវនកម្មនានា។ ជាងនេះទៀត ការចូលរួមចំណែកពី ថ្នាក់ដឹកនាំ ការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីរាជការនៅអាជ្ញាធរសវនកម្មជាតិ ពិតជារួមចំណែកដ៏ធំធេងដល់សមិទ្ធផលទាំងនេះ។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ដៃគូអភិវឌ្ឍន៍ បណ្តាស្ថាប័នជាន់ខ្ពស់ អង្គភាពរងសវនកម្ម និងសាធារណជន ដែលបានគាំទ្រយ៉ាងមុតមាំដល់បេសកកម្ម និងរាល់សកម្មភាពការងាររបស់អាជ្ញាធរសវនកម្មជាតិកន្លងមក នឹងសង្ឃឹមលើការគាំទ្រដ៏ស្មោះ ជាបន្តទៅទៀត ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។ ខ្ញុំសង្ឃឹមថា ព័ត៌មានដែលបានផ្តល់តាមរយៈគេហទំព័រនេះ នឹងមានសារៈប្រយោជន៍ចំពោះសាធារណជនទូទៅ ដែលចាប់អារម្មណ៍នឹងការងារសវនកម្ម។ សោម គីមសួគ៌អគ្គសវនករ |




សារស្វាគមន៍
ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបានរស់រានមានជីវិតទ្បើងវិញ នាថ្ងៃទី៧ មករា ១៩៧៩ ដោយបានផ្តួលរំលំនូវរបបកម្ពុជាប្រជាធិបតេយ្យពីសំណាក់កងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។